អង្គការសុខភាពពិភពលោកចុះបញ្ជីវីរុសបំប្លែងថ្មីដែលត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា
អង្គការសុខភាពពិភពលោកបានចុះបញ្ជីកូរ៉ូណាវីរុសបំប្លែងថ្មីដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាទៅក្នុងបញ្ជីមេរោគបំប្លែងថ្មីរបស់ខ្លួនដែលចាំបាច់ត្រូវតាមដានយ៉ាងដិតដល់ចំពោះសញ្ញានៃការឆ្លងខ្ពស់ជាងមុននិងមានការវិវឌ្ឍន៍ខ្លាំងជាងមុនដើម្បីគេចពីភាពស៊ាំរបស់មនុស្ស។
ស្ថាប័ននេះបានជំរុញឱ្យអាជ្ញាធរសុខាភិបាលនៅទូទាំងពិភពលោករាយការណ៍អំពីករណីនានាដែលពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មីនេះ។មេរោគបំប្លែងថ្មីនេះត្រូវបានគេជឿថាជាហេតុផលមួយសម្រាប់ការកើនឡើងនៃការឆ្លងថ្មីៗនៅក្នុងប្រទេសឥណ្ឌា។ ចំនួនករណីថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសមានច្រើនជាង ៣០០,០០០ នាក់។ ចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃមានរហូតដល់ ២,០០០ នាក់។
អង្គការសុខភាពពិភពលោកបាននិយាយថារហូតមកដល់ពេលនេះមេរោគបំប្លែងថ្មីនេះត្រូវបានអះអាងថាមានវត្តមាននៅក្នុងប្រទេសចំនួន ១៦ ផ្សេងទៀតរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី។អង្គការសុខភាពពិភពលោកបានកំណត់មេរោគបំប្លែងថ្មីនេះថាជា "variant of interest " នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ អំបូររបស់មេរោគបំប្លែងថ្មីគឺ B.1.617។
អង្គការនេះបាននិយាយថាមេរោគបំប្លែងថ្មីនេះមានបរិវន្តន៍លក្ខណៈ ៣ ដែលអាចបង្កើនការចម្លងរបស់មេរោគនិងកាត់បន្ថយការងាររបស់អង្គបដិប្រាណប្រឆាំងនឹងវា។
របាយការណ៍បាននិយាយថាការវិភាគនៃករណីនៅក្នុងប្រទេសឥណ្ឌាបានបង្ហាញថាមេរោគបំប្លែងថ្មីនេះហាក់ដូចជាធ្វើឲ្យមានការកើនឡើងនៃការឆ្លង។ដោយសំដៅទៅលើការកើនឡើងនៅក្នុងប្រទេសឥណ្ឌា អង្គការសុខភាពពិភពលោកបាននិយាយថាខ្លួនប្រហែលជាមានការលំបាកក្នុងការអនុវត្តវិធានការប្រឆាំងនឹងមេរោគនៅពេលដែលព្រឹត្តិការណ៍សាសនាធំៗ កំពុងត្រូវបានធ្វើប្រារពនៅក្នុងប្រទេសនេះ៕
ប្រភព៖ សារព័ត៌មាន NHK
បង្ហាញថ្ងៃទី : 04-29-2021